ខេត្តកោះកុង នឹងក្លាយជាឋានសួគ៌ធម្មជាតិ ក្រោមគម្រោងវិនិយោគទីក្រុងទំនើបឆ្លាតវៃ ក្នុងទំហំផ្ទៃដី ១២ម៉ឺនហិកតា ចំណាយទុនប្រមាណ ៦០០ពាន់លានដុល្លាអាមេរិក

 

ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីលឌ័រ ប៊ឺកអ៉ីនវេសមិន គ្រុប(BilderBerg Investment Group ) ប្រកាសបើកគម្រោងវិនិយោគក្រុងទំនើបឆ្លាតវៃដែលមានឈ្មោះថា “អនាគត” នៅលើទឹកដីនៃខេត្តកោះកុងលើផ្ទៃដីប្រមាណ ១២ម៉ឺនហិកតា ក្នុងទំហំទឹកប្រាក់ប្រមាណ ៦០០ពាន់លានដុល្លាអាមេរិក ខណៈខេត្តកោះកុងជាខេត្តដែរសំបូរទៅដោយធនធានធម្មជាតិចម្រុះ រួមមានទឹកធ្លាក់ ព្រៃភ្នំ ឆ្នេរខ្សាច់សស្អាត នឹង ទឹកសមុទ្រដ៏ថ្លាខៀវស្រងាត់ ដែលធ្វើឲ្យអង្រួនដល់បេះដូង ធុរជនពីអ៊ឺរ៉ុប បោះទុនវិនិយោគលើទីក្រុងទំនើបនៅខេត្តកោះកុងនេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន ប៊ីលឌ័រ ប៊ឺកអ៉ីនវេសមិន គ្រុប(BilderBerg Investment Group ) បានអោយដឹងថា កម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបើកទូលាយសម្រាប់ការវិនិយោគទាំងក្នុង និង ក្រៅស្រុក ដែលនេះគឺជាកត្តាចម្បង ធ្វើអោយក្រុមហ៊ុន ប៊ីលឌ័រ ប៊ឺកអ៉ីនវេសមិន គ្រុប ប្រកាសពីគម្រោងវិនិយោគក្រុងទំនើបឆ្លាតវៃដែលមានឈ្មោះថា “អនាគត” នេះនៅលើទឹកដីនៃខេត្តកោះកុង។

លោកបានបន្តថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិលាក់ខ្លួន មិចចាញ់ប្រទេសផ្សេងទៀតនោះទេ ហើយក៏មានសក្តានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មផងដែរ ហេតុនេះទើបគម្រោងទីក្រុងទំនើបឆ្លាតវៃរបស់លោក គឺមានការផ្តោតទៅលើវិស័យកសិកម្មបែបទំនើប កសិ-ទេសចរណ៍ អាគារខ្ពស់ៗ រោងចក្រ សហគ្រាស មជ្ឈមណ្ឌលសាសនាចម្រុះ ប្រកបដោយសុវត្ថិភាព ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ វិយោគគិនមកពីគ្រប់ទិសទី ទៅលេង និងរស់នៅចន្លោះពី ៥លានទៅ៦លាននាក់។

បន្ថែមពីលើនេះ លោក ដេននីស កូកូវីច ក៏បានបង្ហាញការគាំទ្រចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ ដោយលោកបានបញ្ជាក់ថា លោកជឿលើការដឹកនាំរបស់សម្តេចតេជោ ហើយក៏ជឿជាក់លើ បេក្ខភាពលោកហ៊ុនម៉ាណែតដូចគ្នា ព្រោះតែការដឹកនាំដ៏ច្បាស់លាស់របស់សម្តេចតេជោ ទើបលោកហ៊ានសម្រេចចិត្តវិយោគលើគម្រោងដ៏ធំសម្បើមមួយនេះ។

ជាចុងក្រោយ លោក ក៏បានថ្លែងថា គម្រោង “អនាគត”បានត្រៀងផ្ទៃដី រហូតដល់ ៤ម៉ឺនហិតា សម្រាប់ការធ្វើកសិកម្មទំនើប ដើម្បីកាត់បន្ថយការនាំចូល បន្លែ ផ្លែឈើ នឹងសាច់ ពីក្រៅប្រទេស ការណ៍នេះនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា កាត់បន្ថយការចំណាកស្រុក ជួយលើកស្ទួយកម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេស ព្រោះនៅពេលគម្រោងនេះលេចជារូបរាងក្នុងរយៈពេល៥ទៅ៧ឆ្នាំទៀត នោះនឹងត្រូវការកម្លាំងពលកម្ម បុគ្គលិកជំនាញ ទៅតាមវិស័យនីមួយៗ ដែលមាននៅក្នុងគម្រោងផងដែរ៕

CPC-News

Leave a Reply

Your email address will not be published.